ឱវាទព្រះសម្មាសម្ពុទ្ធចំពោះគូស្វាមីភរិយា
តាមក្រឹត្យក្រមចែងថា « អាពាហ៍ពិពាហ៍ » ជាពិធីមួយធ្វើឡើងតាមលំនាំប្រពៃណីផង និងតាមផ្លូវច្បាប់សម្រាប់ប្រទេសផង ដើម្បីផ្សំផ្គុំបុរសស្ត្រីឱ្យទៅជា “ប្តីប្រពន្ធ” អស់មួយជីវិត។ " អាពាហ៍ពិពាហ៍ " ជាកិច្ចសន្យារវាងគូភាគីបុរស និងស្ត្រី តម្រូវឱ្យរស់នៅជាមួយដៃគូ មានចិត្តស្វាមីភក្តិចំពោះគ្នានឹងគ្នា ទំនុកបម្រុងជួយគ្នាទៅវិញទៅមក គោរពគ្នា យោគយល់ចិត្តគ្នា ដើម្បីភាពសុខដុមរមនា។ អាពាហ៍ពិពាហ៍ ជាចំណងភា្ជប់បុរសនិងស្ត្រី និងកំណត់ជោគវាសនាឱ្យគេម្នាក់ៗក្លាយទៅកម្មសិទ្ធិផ្តាច់មុខរបស់ម្នាក់ទៀត។ អាពាហ៍ពិពាហ៍ ជាគំនួចនៃចំណងស្នេហ៍ ផ្សារភ្ជាប់បុរសស្ត្រីឱ្យស្រលាញ់គ្នាជាប់ស្អិត ចងរឹតកាយនិងចិត្តឱ្យវេញត្របាញ់ចូលគ្នា ផ្គុំទៅជាអង្គធាតុតែមួយ។ អាពាហ៍ពិពាហ៍ ជាសម័្ពន្ធភាពរវាងបុរសនិងស្ត្រី បញ្ចប់ជាស្ថាពរនូវជីវិតនៅលីវ ឱ្យចូលទៅកាន់លក្ខខ័ណ្ឌជីវិតសហព័ន្ធ។ អាពាហ៍ពិពាហ៍ ជាឱកាសប្រកបដោយសិរីសួស្តី សម្រាប់ប្រាប់សាច់ញាតិជិតឆ្ងាយថា គេទាំងពីរនាក់ត្រូវបាន មាតាបិតាផ្សំផ្គុំឱ្យទ