ឱវាទព្រះសម្មាសម្ពុទ្ធចំពោះគូស្វាមីភរិយា
តាមក្រឹត្យក្រមចែងថា «អាពាហ៍ពិពាហ៍» ជាពិធីមួយធ្វើឡើងតាមលំនាំប្រពៃណីផង និងតាមផ្លូវច្បាប់សម្រាប់ប្រទេសផង ដើម្បីផ្សំផ្គុំបុរសស្ត្រីឱ្យទៅជា “ប្តីប្រពន្ធ” អស់មួយជីវិត។
"អាពាហ៍ពិពាហ៍" ជាកិច្ចសន្យារវាងគូភាគីបុរស និងស្ត្រី តម្រូវឱ្យរស់នៅជាមួយដៃគូ មានចិត្តស្វាមីភក្តិចំពោះគ្នានឹងគ្នា ទំនុកបម្រុងជួយគ្នាទៅវិញទៅមក គោរពគ្នា យោគយល់ចិត្តគ្នា ដើម្បីភាពសុខដុមរមនា។ អាពាហ៍ពិពាហ៍ ជាចំណងភា្ជប់បុរសនិងស្ត្រី និងកំណត់ជោគវាសនាឱ្យគេម្នាក់ៗក្លាយទៅកម្មសិទ្ធិផ្តាច់មុខរបស់ម្នាក់ទៀត។ អាពាហ៍ពិពាហ៍ ជាគំនួចនៃចំណងស្នេហ៍ ផ្សារភ្ជាប់បុរសស្ត្រីឱ្យស្រលាញ់គ្នាជាប់ស្អិត ចងរឹតកាយនិងចិត្តឱ្យវេញត្របាញ់ចូលគ្នា ផ្គុំទៅជាអង្គធាតុតែមួយ។អាពាហ៍ពិពាហ៍ ជាសម័្ពន្ធភាពរវាងបុរសនិងស្ត្រី បញ្ចប់ជាស្ថាពរនូវជីវិតនៅលីវ ឱ្យចូលទៅកាន់លក្ខខ័ណ្ឌជីវិតសហព័ន្ធ។ អាពាហ៍ពិពាហ៍ ជាឱកាសប្រកបដោយសិរីសួស្តី សម្រាប់ប្រាប់សាច់ញាតិជិតឆ្ងាយថា គេទាំងពីរនាក់ត្រូវបាន មាតាបិតាផ្សំផ្គុំឱ្យទៅជា ស្វាមីភរិយាពេញលក្ខណៈ។
១. ភរិយា
"ភរិយា ឬ ប្រពន្ធ" មានន័យថា ស្ត្រីដែលស្វាមីត្រូវចិញ្ចឹម។ ក្នុងការទូន្មានស្ត្រីអំពីតួនាទីរបស់ខ្លួន ពីរឿងជីវិតអាពាហ៍ពិពាហ៍នោះ ព្រះសម្មាសម្ពុទ្ធទ្រង់សរសើរថា សេចក្តីស្ងប់ ភាពសុខដុមរមនានៅផ្ទះពឹងផ្អែកយ៉ាងសម្បើមទៅលើស្ត្រី សមដូចសុភាសិតខ្មែរពោលថា «សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារភរិយា»។ ព្រះពុទ្ធអង្គផ្តល់ឱវាទនៅក្នុងឱកាសផ្សេងៗគ្នាថា ភរិយាគួរតែ៖
- មិនមានចិត្តអាក្រក់ប្រឆាំង និងចង់ឈ្នះនឹងស្វាមីខ្លួន
- មិនឃោរឃៅ ទ្រគោះបោះបោក
- មិនចាយវាយប្រាក់កាសខ្ជះខ្ជាយ ប៉ុន្តែគួររស់នៅប្រកបដោយមាគ៌ាសេដ្ឋកិច្ច
- ថែរក្សា និងសន្សំសំចៃប្រាក់ចំណូល និងទ្រព្យសម្បត្តិដែលស្វាមីរកបានមក
- តែងតែយកចិត្តទុកដាក់ បារម្ភ និងភាពបរិសុទ្ធចិត្ត កាយ
- ប្រកបដោយភាពស្មោះត្រង់ មិនមានចិត្តផិតក្បត់
- សំដីទន់ភ្លន់ និងមានកាយប្រកបដោយភាពសុភាពរាបសារ
- សប្បុរស ម៉ឺងម៉ាត់ហ្មត់ចត់ និងឧស្សាហ៍ព្យាយាមក្នុងការងារ
- ប្រកបដោយចិត្តករុណា និងសេចក្តីគោរពចំពោះស្វាមីខ្លួន
- ត្រេកអរនឹងអ្វីដែលស្វាមីមាន និងអ្វីដែលស្វាមីផ្តល់ជូន
- ត្រជាក់ ស្ងប់ យោគយល់គ្នា បម្រើ មិនត្រឹមតែជាភរិយាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា មិត្ត និងអ្នកផ្តល់ប្រឹក្សានៅពេលណាមានតម្រូវការកើតឡើង។
២. ស្វាមី
"ស្វាមី" មកពីបាលីថា សាមិ = ម្ចាស់ អ្នកជាម្ចាស់។ ដោយការដឹងនូវទឹកចិត្តរបស់បុរស ដែលមានទំនោរចាត់ទុកខ្លួនថា ឧត្តមខ្ពង់ខ្ពស់ ព្រះពុទ្ធអង្គបានធ្វើនូវការផ្លាស់ប្តូរ ដែលគួរកត់ចំណាំ និងលើកតម្កើងនូវឋានៈរបស់ស្ត្រី ដោយការផ្តល់ឱវាទដ៏សាមញ្ញថា «ស្វាមីគប្បីផ្តល់នូវកិត្តិយស និងការគោរពចំពោះភរិយារបស់ខ្លួន»។ ចំណែកឱវាទ «ស្វាមីគប្បីមានភាពស្មោះត្រង់ចំពោះភរិយាខ្លួន» មានន័យថា ស្វាមីគប្បីបំពេញ និងរក្សានូវកាត្វកិច្ចអាពាហ៍ពិពាហ៍ចំពោះភរិយារបស់ខ្លួន ដើម្បីទ្រទ្រង់នូវភាពជឿជាក់ក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍។
ក្នុងនាមជាមេគ្រួសារ ស្វាមីតែងតែនៅខាងក្រៅផ្ទះដោយខានមិនបាន ព្រោះហេតុនេះ ស្វាមីគប្បីប្រគល់ផ្ទុកផ្តាក់នូវកិច្ចការផ្ទះឱ្យដល់ភរិយា ដែលចាត់ទុកថាជា អ្នករក្សា និងអ្នកបែងចែកនូវទ្រព្យសម្បត្តិ និងជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចផ្ទះ។ ឯការផ្គត់ផ្គង់នូវគ្រឿងសំអិតសំអាងកាយដល់ភរិយា គឺជានិម្មិតរូបនៃសេចក្តីស្រឡាញ់ ការព្រួយបារម្ភ និងការយកចិត្តទុកដាក់របស់ស្វាមី ស្រោចមកលើភរិយា។
“ខ្ញុំជឿជាក់លើការអប់រំដ៏ត្រឹមត្រូវរបស់ស្ត្រី ប៉ុន្តែខ្ញុំនឹងសង្ឃឹមថា ស្ត្រីនឹងធ្វើការចូលរួមចំណែកដល់ពិភពលោកមួយនេះ ដោយមិនមែនតាមរយៈការធ្វើត្រាប់ ឬប្រណាំងប្រជែងនឹងបុរសឡើយ។ នាងអាចប្រជែងបាន ប៉ុន្តែនាងនឹងមិនឡើងទៅកាន់ទីដ៏ខ្ពស់ក្រៃលែង តាមរយៈសមត្ថភាពដោយការធ្វើត្រាប់តាមបុរសនោះទេ តែនាងគួរគប្បីធ្វើខ្លួនជា អ្នកបំពេញបន្ថែមនូវភាពចន្លោះប្រហោងរបស់បុរស។”
តើអ្នកទាំងអស់គ្នាយល់យ៉ាងណា ចំពោះការលើកឡើងនេះ?
Comments
Post a Comment